Saturday, September 29, 2012

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ច)

2009-02-24 នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី ​ចម្លើយ​សារភាព​របស់ លោក ភោគ ឆាយ ស្ដីពី​សកម្មភាព​និង​ការទំនាក់​ទំនង​របស់​លោក​ជាមួយ​សកម្មជន​កុម្មុយនីស្ត​និង​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​មួយចំនួន ដូច​ជា លោក ហ៊ូ យន់, ហ៊ូ នឹម និង​អ្នក​មួយចំនួន​ទៀត។ នៅ​ក្នុង​ចម្លើយ​សារភាព លោក ភោគ ឆាយ បាន​សរសេរ​បន្ត​ថា ក្រោយ​ពេល​ដែល​លោក​ចូល​ធ្វើការ​ស៊ប់​នៅ​ធនាគារ​ឥណទាន​ជាតិ​ក្នុង​នាទី​ជា​នាយក​ផ្នែក​ក្រសួង​ឥណទាន​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​១៩៦៤​មក លោក​រស់​នៅ​ក្នុង​បរិយាកាស​នាយទុន​ទាំង​ស្រុង។ មាន​ចិត្ត​គំនិត​កាន់តែ​ភ្លើតភ្លើន, ជីវភាព​កាន់តែ​ហ៊ឺហា, បាយ​ទឹក​ជប់លៀង​តែ​ជាមួយ​នាយទុន។ មាន​ពេល​មួយ លោក អ៊ុច វ៉ែន ក្នុង​ឋានៈ​ជា​អគ្គ​នាយក​រង​ធនាគារ​ឥណទាន​បាន​ប្រាប់​លោក​ថា បើ​ភ្ញៀវ​អញ្ជើញ​លោក​ទៅ​ហូប​បាយ លោក​ត្រូវតែ​ទទួល ព្រោះ​លោក​ត្រូវ​ប្រមូល​ឈ្មួញ ប្រមូល​ម៉ូយ​ឱ្យ​គេ​មក​រកស៊ី​ក្នុង​ធនាគារ​នេះ។ ដូច្នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក ភោគ ឆាយ ជាប់​នឹង​ការ​ជប់លៀង​មិន​សូវ​លោះ​ពេល​ពេល។ លោក​បាន​បន្ត​ថា ៖ «លុះ​ខ្ញុំ​រស់​ជីវភាព​យ៉ាង​នេះ​ទៅ​ខ្ញុំ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​មហាជន ពី​ប្រជាពលករ មើល​ងាយ​មហាជន ហើយ​តម្លៃ​ខ្លួន​ខ្ពស់ តាម​ទស្សនៈ​សក្តិភូមិ នាយទុន​ទាំងស្រុង។ ឈ្មួញ​ដែល​ហៅ​ខ្ញុំ​ទៅ​ជប់លៀង​ញឹកញាប់​ជាង​គេ​គឺ វ៉ាន់ ទិព្វសុវណ្ណ។ វ៉ាន់ ទិព្វសុវណ្ណ ឧស្សាហ៍​ចេញ​ចូល​ធនាគារ​ដាក់​លុយ​និង​ដក​លុយ។ ដំបូង​មិត្ត មឿន (សព្វ​ថ្ងៃ​ឈ្មោះ​មិត្ត រឹត នៅ​ឯ​ក្រសួង​ពាណិជ្ជកម្ម) ដែល​ពេល​នោះ​នៅ​ធ្វើការ​នៅ​ជាប់​ផ្ទាល់​នឹង​ខ្ញុំ ខាង​ផ្នែក​ក្រសួង​ឥណទាន បាន​ឧទ្ទេសនាម​ឱ្យ​ខ្ញុំ​ស្គាល់ វ៉ាន់ ទិពសុវណ្ណ»។ លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​ថា លោក វ៉ាន់ ទិព្វសុវណ្ណ មាន​ហាង​មួយ​តាំង​នៅ​ទល់​មុខ​ធនាគារ​ឆៀង​ខាង​លិច​បន្តិច។ ក្នុង​ហាង​គាត់​ឥត​មាន​ទំនិញ​អី​ទេ មាន​តែ​តុ​២, អង្គុលីលេខ​១ ហើយ​មនុស្ស​តែ​ពីរ​នាក់ គឺ​ម្នាក់ វ៉ាន់ ទិព្វសុវណ្ណ និង​ម្នាក់​ទៀត​ឈ្មោះ ឃុត មាន​ចំណាស់​ជាង វ៉ាន់ ទិព្វសុវណ្ណ បន្តិច។ ឈ្មោះ ឃុត មិន​សូវ​ចេញ​មុខ​ទេ អង្គុយ​តែ​ក្នុង​បន្ទប់។ នៅ​ខាង​មុខ​ធនាគារ​ក្បែរ​ហាង លោក វ៉ាន់ ទិព្វសុវណ្ណ មាន​ហាង​គុយទាវ បបរ លក់​ហូរហែ។ រាល់​ព្រឹក​ព្រលឹម លោក ភោក ឆាយ និង ប៉ុក ដឺសកុមារ តែង​ទៅ​រក​ពិសារ​កាហ្វេ​នៅ​ហាង​ខាង​មុខ​នោះ លោក វ៉ាន់ ទិព្វសុវណ្ណ តែង​មក​ចូលរួម​តុ​កាហ្វេ​ជាមួយ​លោក ភោគ ឆាយ និង ប៉ុក ដឺសកុមារ ជានិច្ច។ ឈ្មោះ ឃុត ជួនកាល ក៏​មក​ចូល​តុ​កាហ្វេ​ដែរ ប៉ុន្តែ​បាន​មួយ​ភ្លែត​ក៏​លា​ចូល​ទៅ​ក្នុង​បន្ទប់​គាត់​វិញ។ លោក វ៉ាន់ ទិព្វសុវណ្ណ បាន​ប្រាប់​លោក ភោគ ឆាយ ថា ឃុត ជា​អ្នក​តស៊ូ​ចាស់​ម្នាក់​នៅ​ក្នុង​ក្រុម​អាចារ្យ តក់ កាល​សម័យ​តស៊ូ​ប្រឆាំង​បារាំង។ គាត់​ចេះ​ភាសា​សៀម​ស្ទាត់ ហើយ​ឧស្សាហ៍​ចេញ​ចូល​ស្រុក​សៀម​ផង។ លោក ភោគ ឆាយ បាន​រៀបរាប់​បន្ត​ថា ៖ «វ៉ាន់ ទិព្វសុវណ្ណ និង ឃុត មាន​មុខរបរ​មិន​ច្បាស់លាស់​ទេ តែ​មាន​លុយ​កាក់​ចាយ​វាយ​សំបូរ​ធូរធារ​ណាស់។ វ៉ាន់ ទិព្វសុវណ្ណ តែង​ហៅ​ខ្ញុំ​ទៅ​ហូប​បាយ ហើយ​ចូលចិត្ត​និយាយ​ពី​នេះ​ពី​នោះ ទើប​ខ្ញុំ​ដឹង​ថា គាត់​មាន​កំណើត​នៅ​បាត់ដំបង គឺ​នៅ​តាម​ផ្លូវ​ទៅ​ប៉ៃលិន ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​បាត់ដំបង។ វ៉ាន់ ទិព្វសុវណ្ណ ប្រាប់​ខ្ញុំ​ថា គាត់​ជា​អ្នក​តស៊ូ​សម័យ​បារាំង​ម្នាក់​ដែរ។ កាល​សម័យ​បារាំង​គាត់​ជាប់​នឹង​ខ្សែ ស៊ីវ ហេង។ ក្រោយ​ហ្សឺណែវ គាត់​ធ្វើ​ឈ្មួញ​ស្រូវ​ជាមួយ គី សៀនហូ នៅ​បាត់ដំបង ហើយ​ទាក់ទង​ជាមួយ ងុយ កាន់ តាំង​ពី​នោះ​មក។ បន្ទាប់​មក​គាត់​មក​ភ្នំពេញ ហើយ​ជិតស្និទ្ធ​ជាមួយ ហ៊ូ យន់ តាមរយៈ​សមាគម​កម្ពុជបុត្រ និង​ជាមួយ អ៊ុច វ៉ែន ណាស់ តាម​រយៈ​សមាគម​ចម្រើន​វិជ្ជា។ ដោយ​ដឹង​ដូច្នេះ ខ្ញុំ​ក៏​កាន់តែ​មាន​ជំនឿ​លើ វ៉ាន់ ទិព្វសុវណ្ណ ខ្លាំង​ឡើង»។ នៅ​ព្រឹក​ថ្ងៃ​២៥ ខែ​៦ ឆ្នាំ​១៩៦៤ លោក ភោគ ឆាយ បាន​ទៅ​រួម​ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​របស់​លោក ហ៊ូ យន់ ដែល​សមាគម​កម្ពុជបុត្រ​បាន​រៀបចំ​ឡើង​ដើម្បី​បញ្ចប់​វគ្គសិក្សា​ប្រចាំ​ឆ្នាំ​របស់​សិស្ស។ លោក ភោគ ឆាយ បាន​ជួប​ភ្ញៀវ​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន វ៉ាន់ ទិព្វសុវណ្ណ ផងដែរ។ និស្សិត​មួយចំនួន​មាន​ជា​អាទិ៍ លោក វ៉ាន់ ពីនី, ឈុន សុខងួន, ទួន សុខផល្លា ក៏​បាន​ចូលរួម​ដែរ ហើយ​លោក ភោគ ឆាយ បាន​ស្គាល់​លោក​គ្រូ ឃួន ធុច ជា​លើក​ដំបូង ដែល​លោក ឈុន សុខងួន និង ទួន សុខផល្លា និស្សិត​សាលា​វិស្វករ ឧទ្ទេសនាម​ប្រាប់​ថា​ជា​គ្រូ​របស់​ខ្លួន​កាល​នៅ​រៀន​ឯ​ខេត្ត​កំពង់ចាម។ នៅ​យប់​ថ្ងៃ​២៥ ខែ​៦ ឆ្នាំ​១៩៦៤ ដដែល តាម​រយៈ​លោក វ៉ាន់ ទិព្វសុវណ្ណ លោក ហ៊ូ យន់ បាន​ហៅ​លោក ភោគ ឆាយ ឱ្យ​ចូលរួម​ប្រជុំ​ក្នុង​ផ្ទះ​បណ្តែត​ទឹក​មួយ​នៅ​ជ្រោយ​អំពិល​ដែល​រៀបចំ​ដោយ​លោក​គ្រូ ឃួន ធុច។ យប់​នោះ​អ្នក​ដែល​បាន​ចូលរួម​ប្រជុំ​មាន​៨​នាក់ គឺ លោក ហ៊ូ យន់ ប្រធាន​អង្គប្រជុំ, លោក ហ៊ូ នឹម, គ្រូ ឃួន (ធុច), ប៉ុក ដឺសកុមារ, ទីវ អុល, វ៉ាន់ ទិព្វសុវណ្ណ, លោក ភោគ ឆាយ និង​ក្រឡាបញ្ជី​ម្នាក់​ដែល​មិន​ស្គាល់​ឈ្មោះ។ របៀបវារៈ​ប្រជុំ​ពេល​នោះ​គឺ ពិនិត្យ​សភាពការណ៍​នយោបាយ​និង​ការរៀបចំ​ចាត់តាំង​កម្លាំង​មហាជន។ បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​អង្គប្រជុំ​បាន​បែងចែក​ភារកិច្ច​គ្នា ហើយ​សម្រេច​ថា នៅ​ក្រុង​ភ្នំពេញ​ត្រូវ​ប្រមូល​កម្លាំង​មហា​ជន, ចាត់តាំង​កម្លាំង​មហាជន ពិសេស​កម្លាំង​យុវជន, និស្សិត និង​សិស្ស។ លោក ភោគ ឆាយ បាន​រាយការណ៍​ឱ្យ​ដឹង​ដូច្នេះ ៖ «អង្គប្រជុំ​បាន​កំណត់​ចែក​ភារៈ​យ៉ាង​ច្បាស់​ថា ៖ ឱ្យ ទីវ អុល ក្តាប់​សមាគម​គ្រូ​និង​សមាគម​ចម្រើន​វិជ្ជា​ឱ្យ​ណែន ហើយ​ធ្វើ​សហការ​ជាមួយ​សមាគម​ផ្សេងៗ​ឱ្យ​បាន​ជិតស្និទ្ធ​បំផុត។ ឱ្យ ប៉ុក ដឺសកុមារ ក្តាប់​កាសែត​ឡាដេប៉ែស ខាង​ទិស​នយោបាយ ហើយ​ជំរុញ​បង្កើត​សមាគម​អ្នក​និពន្ធ​កាសែត​មួយ។ ឱ្យ​រូប​ខ្ញុំ​រួម​ជាមួយ​និស្សិត​មួយចំនួន​ទៀត​បង្កើត​សមាគម​ទូទៅ​របស់​និស្សិត។ ពេល​នោះ​ខ្ញុំ​បាន​ទទួល​យល់​ព្រម តែ​ខ្ញុំ​បាន​លើក​ការលំបាក​មួយចំនួន តែ ហ៊ូ យន់ និយាយ​ថា ចាំ​ឱ្យ​សមាជិក​យើង​ម្នាក់​ចុះ​ទៅ​ជួយ​ដោយ​ផ្ទាល់​និង​សម្ងាត់​ទៀត។ លុះ​ត្រឡប់​មក​វិញ វ៉ាន់ ទិព្វសុវណ្ណ យក​ប្រាក់​៥​ម៉ឺន​រៀល​មក​ឱ្យ​ខ្ញុំ​ដើម្បី​ឱ្យ​ខ្ញុំ​ទុក​រៀបចំ​បង្កើត​សមាគម​និស្សិត តែ​កុំ​ឱ្យ​ថា​លុយ​របស់​គាត់ ឱ្យ​ថា​ជា​លុយ​របស់​ខ្ញុំ​ទៅ​វិញ។ ប៉ុន្តែ​នោះ​ជា​ពេល​និស្សិត​កំពុង​ប្រឡង ហើយ​បន្ទាប់​មក​ជា​ពេល​វ៉ាកង​ខ្ញុំ​ទាក់ទង​និស្សិត​ពុំ​បាន»។ លុះ​ដល់​ថ្ងៃ​២២ ខែ​១២ ឆ្នាំ​១៩៦៤ សមាគម​និស្សិត​មួយ​ដែល​មាន​ឈ្មោះ​ថា "សមាគម​ទូទៅ​នៃ​និស្សិត​ខ្មែរ​នៅ​កម្ពុជា" ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង ហើយ​លោក ភោគ ឆាយ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន, លោក វ៉ាន់ ពីនី ជា​អនុ​ប្រធាន​ទី​១, លោក ឈុន សុខងួន ជា​អនុ​ប្រធាន​ទី​២, លោក ទួន សុខផល្លា ជា​អគ្គលេខាធិការ, លោក កង សារ៉ន ជា​អគ្គលេខាធិការ​រង​ទី​១, លោក ម៉ៃ សាខន ជា​អគ្គលេខាធិការ​រង​ទី​២, លោក ប៉ុក កាណែល ជា​ហិរញ្ញិក។ លោក ភោគ ឆាយ បាន​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ដែល​សមាគម​ប្រកាស​បង្កើត​ហើយ អ្នក​ដែល​ផ្ញើ​លុយ​មក​ឧបត្ថម្ភ​សមាគម​នេះ​ច្រើន​ជាង​គេ មាន​ដូច​ជា សម្តេចព្រះ នរោត្តម សីហនុ, វ៉ាន់ ទិព្វសុវណ្ណ, ចៅ សេង, ហ៊ូ យន់, ហ៊ូ នឹម, គ្រូ ឃួន ធុច, ប៉ុក ដឺសកុមារ និង​លោក អ៊ុច វ៉ែន ជា​ដើម៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More