Saturday, September 29, 2012

ដំឡើង​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ទប់ស្កាត់​ការ​សន្លប់

ភ្នំពេញៈ ភាគ​ច្រើន​នៅ​ពេល​ព្រឹក កម្មការិនី​កាត់​ដេរ រួម​ទាំង​កញ្ញា វិច្ឆិកា ទិញ​អាហារ​ពី​អ្នក​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្រៅ​រោងចក្រ​របស់​នាង ដែល​កំពុង​ធ្វើ​ការ។ នាង​និយាយ​ថា សម្ល​សាច់​គោ និង​សាច់​ជ្រូក ជា​រឿយ​ៗ​ ធ្វើ​ឲ្យ​កម្មករ​មាន​ជំងឺ​ឈឺ​ពោះ​។ នៅ​ខែ​កញ្ញា​នេះ កញ្ញា​ វិច្ឆិកា និង​សហ​សេវិក​របស់​នាង បាន​សន្លប់​នៅ​ពេល​កំពុង​បំពេញ​ការ​ងារ​។ វា​ធម្មតា​ទេ សម្រាប់​អាហារ​ដែល​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ នៅ​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅ​ហែង វា​ជានិច្ច​កាល​មិន​មាន​អនាម័យ និង​មិន​មាន​ឱ​ជារស​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​វា​មាន​ការ​ទាក់ទាញ​ត្រង់​ថា វាមាន​តម្លៃ​ថោក។ កញ្ញា​វ័យ ២០ ឆ្នាំ​រូប​នេះ ដែល​បាន​និង​កំពុង​ធ្វើ​ការ នៅ​ក្នុង​រោងចក្រ​សម្លៀក​បំពាក់​មួយ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា៖«ខ្ញុំ​មិន​អាច​មាន​លុយ​ចំណាយ​ លើ​ម្ហូប​ឆ្ងាញ់​បាន​ទេ។ វា​ថ្លៃ​ណាស់»។ កាល ពី​សប្តាហ៍​មុន សកម្មជន​យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាត (CCC )​បាន​ធ្វើ​ពុត​ជា​សន្លប់​ដើម្បី​ ចំអក​នៅ​ក្នុង​ហាង​សម្លៀក​បំពាក់​ទំនើបៗ​ទូទាំង​អឺរ៉ុប​ ដើម្បី​ទាក់ទាញ​ដល់​ស្ថានភាព​ការងារ​ដែល​កម្មករ​កម្ពុជា ស៊ូទ្រាំ ខណៈ​ដែល​កំពុង​តែ​ដេរ​សម្លៀក​បំពាក់​ឲ្យ​ក្រុមហ៊ុន ដែល​មាន​ស្លាក​យីហោ​ធំៗ ដូច​ជា H&M, Gap និង​Levi's ​ជាដើម​។ យុទ្ធនាការ​របស់​ CCC បាន​បញ្ជាក់​ច្បាស់​ថា​«​ប្រាក់​ខែ​តិច​តួច» នឹង​ការ​ទទួល​អាហារ​រូបត្ថម្ភ​មិន​គ្រប់​គ្រាន់ រួម​ចំណែក​ដល់​ការ​សន្លប់​ទាំង​ហ្វូង​ៗ​ នៃ​កម្មករ​នៅ​កម្ពុជា​។ យុទ្ធនាការ​នេះ បាន​បញ្ជាក់​ថា ដំណោះ​ស្រាយ​សាមញ្ញ ហើយ​ងាយ គឺ​ត្រូវ​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​ខ្មែរ​ឲ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​ជីវភាព​រស់នៅ ដែល​ជា​ចំនួន​ប្រាក់​អប្បរមា​ដែល​គេ​ត្រូវ​ការ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ​។ យោង​តាម​សហជីព និង​ក្រុម​ការងារ​ Asia Floor Wage Alliance ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​ខ្មែរ គួរ​តែ ២៨១ ដុល្លារ​ក្នុង​មួយ​ខែ​។ ទោះ​បី​ជាមួយ​នឹង​ការ​ដំឡើង​ប្រាក់​បន្ថែម ១០ ​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ដោយ ក៏​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​កាត់​ដេរ គឺ​ ៨៣ ដុល្លារ ដែល​រួម​មាន​ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​លើក​ទឹក​ចិត្ត​។ លោក​ស្រី Carin Leffler អ្នក​សម្រប​សម្រួល CCC របស់​ប្រទេស​ន័រវេស​បាន​ថ្លែង​ថា ដោយ​ឧស្សាហកម្ម​របស់​កម្ពុជា​ កំពុង​តែ​ចាប់​ផ្តើម​ពន្លក ការ​នាំ​ចេញ​បាន​កើន​ឡើង​ ១​ ពាន់​លាន​​ដុល្លារ​ ក្នុង​អំឡុង​ត្រី​មាស​ទី​មួយ​ នៃ​ឆ្នាំ​២០១២​ ដែល​ក្រុមហ៊ុន​ធំៗ មាន​កាតព្វកិច្ច ត្រូវ​កាត់​បន្ថយ​គម្លាត​ប្រាក់​ឈ្នួល​នេះ​។ លោក​ស្រី ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​មាន​តួ​អង្គមួយ​ចំនួន​ដែល​ទទួល​បាន​ប្រយោជន៍ ពី​ប្រាក់​ឈ្នួល​តិច​តួច​ខ្លាំង ​និង​តម្លៃ​សម្លៀក​បំពាក់​ថោក​។ វា​មាន​សារៈ​សំខាន់​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តម្លៃ​ពលកម្ម​ក្នុង​សម្លៀក​បំពាក់​មួយ​ធម្មតា មានពី ១ ទៅ ៣ ភាគរយ​នៃ​តម្លៃ​លក់​រាយ​»។ លោក​ស្រី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ធំៗ​ទាំង​នេះ​ និង​អតិថិជន ក៏​គួរ​តែ​ត្រៀម​ខ្លួន​ ចំណាយ​ថែម​ទៀត​សម្រាប់​ផលិតផល។​ លុយ​នោះ គួរ​តែ​ហូរ​ចូល​ទៅ​កម្មករ។ កម្មករ មាន​សិទ្ធិទទួល​បាន​ការ​រស់នៅ​ឲ្យ​បាន​សមរម្យ។ ចាប់​តាំង​ពី​ ជំរុញ​គំនិត​អំពី​ប្រាក់​ឈ្នួល ក្នុង​អំឡុង​«វេទិកា​របស់​ប្រជា​ពលរដ្ឋ» នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ​រួច​មក លោក​ស្រី Anannya Bhattacharjee អ្នក​សម្របសម្រួល​អន្តរជាតិ​របស់​ Asia Floor Wage Alliance ទទួល​បាន​ការ​ឆ្លើយ​តប​តិច​តួច​ពី​ក្រុមហ៊ុន​ទាំង​នោះ។ លោក​ស្រី បញ្ជាក់​ថា​៖​«យើង​បើក​ទូលាយ​ដល់​កិច្ច​ពិភាក្សា ជាមួយ​ក្រុមហ៊ុន​នេះ ថា​តើ​ចំណាត់​ការ​អ្វី​ខ្លះ​ ត្រូវ​បិទ​ភ្ជិត​គម្លាត​នេះ..​ពួក​គេ កំពុង​តែ​អះអាង​ថា​ ពួក​គេ កំពុង​តែ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​។ ប៉ុន្តែ​រហូត​មក​ដល់​នឹង​ពេល​នេះ មិន​មាន​ក្រុមហ៊ុន​ណា​មួយ បាន​អង្គុយ​ចរចា​ជាមួយ​យើង​ទេ»។ លោក​ស្រី បាន​បញ្ជាក់​ថា​៖«​ក្រុមហ៊ុន​ទាំង​នេះ កំពុង​តែ​បង់​ប្រាក់​មួយ​ចំនួន​ ទៅ​ឲ្យ​ក្រុមហ៊ុន​ចែក​ចាយ​ តម្លៃ​នោះ គឺ​ទាប​គួរ​សម​។ យើង ដឹង​ថា ក្រុមហ៊ុន​ទាំង​នេះ ចំាបាច់​ត្រូវ​ដំឡើង​ថ្លៃ...​ហើយ ផ្តល់​ប្រាក់​ដល់​ឧស្សាហកម្ម​ដើម្បី​ឲ្យ​កម្មករ ​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជីវភាព​រស់នៅ»។ ក្រុមហ៊ុន Levi's, Gap និង​ H&M មិន​បាន​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​តាម​សារ​អេឡិច​ត្រូនិក​ពី​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ទេ អំពី​ថា តើ​ការ​ផ្តល់​ប្រាក់​ដល់​កម្មករ​ នៅ​ក្នុង​រោងចក្រ​របស់​ពួក​គេ​ ដែល​ថា ប្រាក់​ឈ្នួល​ សម្រាប់​ជីវភាព​រស់នៅ​ជា​អាទិភាព​ឬ​ យ៉ាង​ណា​ទេ។ ប៉ុន្តែ​អ្នក​នាំ​ ពាក្យ​ក្រុមហ៊ុន Asia-Pacifi Levi Strauss & Co ​បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ស្រី ព្រួយ​បារម្ភ​ពី​កម្មករ កម្ពុជា ហើយ​កំពុង​រិះ​រក​មធ្យោបាយ​ដែល​អាច​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​កាន់​តែ​ ល្អ​ប្រសើរ​ឡើង។ លោក​ស្រី​ថ្លែង​ថា៖ «​យើង​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ឧស្សាហកម្ម ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​សិទិ្ធ​កម្មករ និង​សុខុមាលភាព​កម្មករ​នៅ​កម្ពុជា»។ «ក្រុម​ហ៊ុន​យើង​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល ​សហជីព ឧស្សាហកម្ម​ សមាគម និង​ភាគី​ដទៃ​ទៀត ​ដែល​ព្យាយាម​កំណត់​ថា​ តើ​សម្រេច​បាន​ប្រាក់​ឈ្នួល ​ដែល​ឲ្យ​កម្មករ​រស់នៅ​បាន​ និង​លើក​កម្ពស់​ជីវភាព​របស់​កម្មករ ដោយ​របៀប​ណា»។ លោក ខេន លូ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ។ អតីត កម្មករ​កាត់​ដេរ​អ្នក​ស្រី​សូរ៉ាមី បាន​និយាយ​ពាក្យ​ថា ​លា​ហើយ​រោងចក្រ​កាត់​ដេរ ជា​មួយ​នឹង​មិត្តភកិ្ត​របស់​នាង ហើយ​បាន​ផ្លាស់​ទៅ​ផ្ទះ​ខ្ទម​លេច​រយីក​រយាក ​ដែល​នាង​ហៅ​ថា​ ជា​ផ្ទះ​របស់​នាង​១២​ ឆ្នាំមក​ហើយ​ ខណៈដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​ ដែល​នៅ​ក្បែរ​ផ្ទះ​ជួល​នៅ​ខេត្ត​កណ្តាល​។ អារម្មណ៍​លាយ​ឡំ​ជាមួយ​នឹង​ ការ​វិល​ត្រឡប់​របស់​នាង​ នៅ​ពេល​នាង​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ នៅ​ខេត្ត​កំពង់ស្ពឺ​។ នាង មាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​ ពេល​នៅ​រួម​ជា​មួយ​នឹង​មិត្តភក្តិ ៨​នាក់​ផ្សេង​ទៀត​ នៅ​ពេល​ដែល​នាង​ដេក​នៅ​ពេល​យប់ ប៉ុន្តែ​នាង បាក់​ទឹក​ចិត្ត ព្រោះ​នាង​មិន​បាន​រក​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ផ្តល់​ទៅ​ឲ្យ​ម្តាយ​មេម៉ាយ​របស់​នាង​។ នាង និយាយ​បន្ត​ថា​៖ «​គ្រប់​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​កម្មករ​រោង​ចក្រ ​ខ្ញុំ​មិន​ដែល​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​ម្តង​ណា​ទេ។ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ពី​ ៥០០ ឬ​ ១០០០ ​រៀល​សម្រាប់​អាហារ​មួយ​ពេល​។ ​ខ្ញុំ គ្រាន់​តែ​ញ៉ាំ​វា ដើម្បី​បំពេញ​ក្រពះ​របស់​ខ្ញុំ​កុំ​ឲ្យ​វា​ឃ្លាន​ខ្លាំង​ពេក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​មាន​អាហារ​រូបបត្ថម្ភ​ទាល់​តែ​សោះ​។ កម្មករ​រោង​ចក្រ​ជា​ច្រើន រស់​នៅ​ក្នុង​ខ្ទម​រយីករយាក​ជុំវិញ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖«កម្មករ​ភាគ​ច្រើន រស់​នៅ​ក្នុង​បន្ទប់​តូច ជាមួយ​នឹង​កម្មករ​ច្រើន​នាក់​ផ្សេង​ទៀត​។ ដំបូល​លិច ភួយ និង​ខ្នើយ​របស់​ពួក​គេ ធំ​ក្លិន​មិន​ល្អ ហើយ​កន្ទេល​ដេក​របស់​ពួក​គេ ភាគ​ច្រើន គឺ​នៅ​លើ​កម្រាល​ឥដ្ឋ​ផ្ទាល់​។ ​ពួក​គេ ហូប​នៅ​កន្លែង​ដែល​ពួក​គេ​ដេក នេះ​ជា​ជីវិត សម្រាប់​កម្មករ​កាត់​ដេរ​»​។ លោក អាត់ ធន់ បាន​គាំទ្រ​ប្រាក់​ឈ្នួល​សម្រាប់​ជីវភាព​រស់​នៅ ២៨០​ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​​ប្រាក់​ឈ្នួល​បែប​នោះ​ សម្រាប់​កម្មករ​រាប់​សែន​នាក់​នៅ​ក្នុង​ឧស្សាហកម្ម​នេះ វា​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​។ លោក​បញ្ជាក់​ថា​៖«​ការ​សិក្សា​មួយ​ទៀត​ កាល​ពី​ឆ្នាំ​​២០០​៩ បាន​បង្ហាញ​ថា កម្មករ ត្រូវ​ការ​ប្រាក់​យ៉ាង​តិច ១២០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​មួយ​ដែល​មាន​សមាជិក ៤​នាក់​។ បី​ឆ្នាំ​ក្រោយ​មក​តួលេខ​នេះ អាច​ត្រូវ​ការ​ប្រមាណ​២០០​ដុល្លារ។ យើង​ត្រូវ​តែ​ធ្វើ​ការ​ចំពោះ​រឿង​នេះ​»។ យោង​តាម​លោកDave Welsh នាយក​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល​អាមេរិក សម្រាប់​សាមគ្គីភាព​ការ​ងារ​អន្តរ​ជាតិ​ បាន​ថ្លែង​ថា ប្រាក់​ឈ្នួល ២៨០ ​ដុល្លារ គឺ​សមស្រប​ណាស់​ទៅ​ហើយ ប៉ុន្តែ​ជា​អកុសល​ នៅ​ពេល​នេះ​វា​គ្រាន់​តែ​ជា​ការ «ស្រមើល​ស្រមៃ​តែ​ប៉ុណ្ណោះ»។ អង្គការ​របស់​លោក នឹង​បន្ត​ចរចា​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​អំពី​ផែន​ការ​មួយ ដើម្បី​ឲ្យ​ពួក​គេ​ឧបត្ថម្ភ​ដល់​គម្រោង​ម្ហូប​អាហារ​ដែល​នឹង​ផ្តល់​ អាហារ​ដល់​កម្មករ​។ លោក Welsh បាន​ថ្លែង​បន្ត​ថា៖«រឿង​នេះ នឹង​លុប​បំបាត់​ការ​ចំណាយ​របស់​ពួក​គេ​ប្រមាណ​៦៥​ ភាគរយ ដោយ​ដក​វា​ចេញ​ពី​សម្ពាធ​អតិផរណា»។ លោក Welsh បាន​សង្កត់​ធ្ងន់​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​តិច​តួច ធ្វើ​ឲ្យ​រដ្ឋាភិបាល​មើល​ទៅ​ល្អ​មើល​ ប៉ុន្តែ​ជា​ញឹកញាប់ ម្ចាស់​ផ្ទះ និង​អ្នក​លក់​ម្ហូប​អាហារ ​ដូច«នៅ​ទីប្រជុំជន​»​នៅ​ជុំវិញ​រោង​ចក្រ បាន​ឡើង​ថ្លៃ​ដើម្បី​ឆ្លើយ​តប​តាម​កម្មករ​ដែល​មាន​ប្រាក់​បន្ថែម​។ លោក ​បញ្ជាក់​ថា​៖ «​រឿង​នេះ អាច​ត្រូវ​គេ​ដោះស្រាយ​បាន តាម​រយៈ​ការ​កំណត់​តម្លៃ​ជាមួយ​ម្ចាស់​ផ្ទះ​»​។ កញ្ញា វិច្ឆិកា និង​សហ​សេវិក​របស់​នាង ដែល​បាន​សន្លប់​នៅ​កន្លែង​ធ្វើ​ការ​កាល​ពី​ដើម​ខែ​នេះ​បាន​បញ្ជាក់​ជា​ចុង​ ក្រោយ​ថា​៖«​ខ្ញុំ ដឹង​ថា ខ្ញុំ​នឹង​មិន​សន្លប់​ទេ​ប្រសិន​បើ​ខ្ញុំ បាន​ញ៉ាំ​ម្ហូប​ឆ្ងាញ់​​មាន​អាហារ​រូបត្ថម្ភ​គ្រប់​គ្រាន់»៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More