ដូចការគ្រោងទុក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤តុលានេះ តុលាការខេត្តកោះកុង បានបើកសវនាការ កាត់ទោសលើសំណុំរឿងក្តីឃាតកម្ម ពាក់ព័ន្ធនឹងសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា។ ក៏ប៉ុន្តែសំណុំរឿងក្តីឃាតកម្ម លើលោក ឈុត វុទ្ធី ត្រូវបានតុលាការតម្កល់ទុកមិនចាត់ការទេ ព្រោះថា ជនជាប់ចោទ ឈ្មោះ អ៊ិន រតនា បានស្លាប់ទៅហើយ។ បន្ទាប់ពីសវនាការអស់ពេលប្រហែល ១ ម៉ោង និង ៤០ នាទី រួចមក ចៅក្រមសម្រេចថា សាលក្រមនឹងត្រូវប្រកាស នៅថ្ងៃទី៨ ខែតុលា សប្តាហ៍ក្រោយ។
ថ្ងៃ ព្រហស្បតិ៍ 04 តុលា 2012
ដោយ លី ម៉េងហួរ
RFI
លោក ឈុត វុទ្ធី អតីតប្រធានអង្គការពារធនធានធម្មជាតិ (RFI/Leang Delux)
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ
(03:25)
សវនាការ នៅតុលាការខេត្តកោះកុង នៅព្រឹកមិញ ធ្វើឡើងតែលើសំណុំរឿងក្តី ជនជាប់ចោទឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន Timber Green បាញ់សម្លាប់ប៉េអឹម អ៊ិន រតនា ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ រីឯសំណុំរឿងឃាតកម្ម លើលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវបានអាជ្ញាធរអះអាងថា លោក ឈុត វុទ្ធី ស្លាប់ ដោយសារតែប៉េអឹម អ៊ិន រតនា បាញ់នោះ ត្រូវបានតុលាការ តម្កល់រឿងមិនចាត់ការ ព្រោះថា អ៊ិន រតនា បានស្លាប់បាត់ទៅហើយ។
លោក អ៊ិន គង់ជិត បុគ្គលិកអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង ដែលបានតាមដានសវនាការ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា ក្នុងសវនាការនៅតុលាការខេត្តកោះកុង នាព្រឹកមិញ មានសាក្សី ៣ នាក់ បានចូលឆ្លើយបំភ្លឺ រួមមាន៖ ប៉េអឹមម្នាក់ នៅក្នុងហេតុការណ៍ផ្ទុះអាវុធនោះ ប្រជាពលរដ្ឋម្នាក់ ដែលមានផ្ទះនៅកន្លែងកើតហេតុ និងមេការនៅក្រុមហ៊ុនសម្បទាន Timber Green។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ របស់ប៉ូលិសក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការចម្រុះស៊ើបអង្កេតករណីឃាតកម្មលើលោក ឈុត វុទ្ធី ក៏បានចូលរួមផ្តល់ចម្លើយ ក្នុងសវនាការផងដែរ។
សកម្មជនសិទ្ធិមនុស្ស លោក អ៊ិន គង់ជិត បានឲ្យដឹងថា ទាំងសាក្សី ទាំងជនជាប់ចោទ រ៉ាន់ បូរ័ត្ន និងទាំងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងដូចគ្នាថា ប៉េអឹម អ៊ិន រតនា ពិតជាបានបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយក្រោយមក រ៉ាន់ បូរ័ត្ន បានទៅដណ្តើមកាំភ្លើងអាកា ពីប៉េអឹម អ៊ិន រតនា ដើម្បីរារាំង កុំឲ្យមានការផ្ទុះអាវុធតទៅទៀត ក៏រាកៃកាំភ្លើង លើប៉េអឹម អ៊ិន រតនា ស្លាប់នៅនឹងកន្លែងកើតហេតុ ដែលជាទីតាំងក្រុមហ៊ុន Timber Green មានគំនរឈើ និងវល្លិ៍ល្មៀត នៅតំបន់ព្រៃភ្នំ ក្នុងខេត្តកោះកុង។
ក្រុមសន្តិសុខ និងប៉េអឹម បីបួននាក់ បានព្យាយាមរារាំងលោក ឈុត វុទ្ធី និងស្ត្រីអ្នកកាសែតពីរ នាក់ មិនឲ្យថតរូប និងយកព័ត៌មានពីការកាប់ឈើនៅតំបន់នោះ កាលពីថ្ងៃទី២៦មេសា រហូតនាំឲ្យមានការផ្ទុះអាវុធ។
ក្នុងសវនាការ លោកព្រះរាជអាជ្ញារង ស្រី ម៉ាក់នី តំណាងអយ្យការ នៅរក្សាការចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ លើឈ្មោះ រ៉ាន់ បូរ័ត្ន ដែលជាជនជាប់ចោទតែម្នាក់គត់ ក្នុងសំណុំរឿងឃាតកម្មលើប៉េអឹម អ៊ិន រតនា។
មាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ស្តីពី អំពើមនុស្សឃាត ដោយអចេតនា កំណត់ថា នឹងត្រូវផ្តន្ទាទោសជនល្មើសពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងបង់ប្រាក់ពិន័យពី ២ លានរៀល ទៅ ៦ លានរៀល។
បន្ទាប់ពី សវនាការរយៈពេល ១ ម៉ោង និង ៤០ នាទី ចាប់ពីម៉ោង ៨ និង ១៥ នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ លោកចៅក្រម ខាំ សុផារី ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការសាលាដំបូង ខេត្តកោះកុង បានសម្រេចថា សាលក្រមលើរឿងក្តីនោះ នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២។
ក្នុងសវនាការនៅតុលាការខេត្តកោះកុង កាលពីព្រឹកមិញ មានការឃ្លាំមើលពីសកម្មជនអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងអ្នកកាសែតផងដែរ។ ក្នុងសវនាការ តំណាងអយ្យការ លោក ស្រី ម៉ាក់នី ក៏បានប្រកាសថា សំណុំរឿងក្តីប៉េអឹម បាញ់សម្លាប់លោក ឈុត វុទ្ធី ត្រូវបានតម្កល់ទុកឥតចាត់ការឡើយ៕
——————————————–
ទាក់ទងនឹងប្រធានបទនេះដែរ :