Wednesday, August 15, 2012

រយៈពេល ៦ ខែ ឆ្នាំ២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់

ពលរដ្ឋ​កម្ពុជា ៣៨ នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ពេល​ឆ្លង​ដែន ទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ គិត​ចាប់ពី​ខែ​មករា​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​សង្ខេប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ ក៏​មាន​ពលរដ្ឋ​កម្ពុជា របួស​ចំនួន ១០ នាក់ និង​ថៃ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគា​រ ចំនួន ១៩៤ នាក់ ព្រម​ទាំង​បាត់​ខ្លួន​ម្នាក់​។ ក្នុង​របាយការណ៍​ចំនួន ៥ ទំព័រ ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៦ ខែ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​កម្ពុជា​កាប់​ឈើ​នៅ​តាម​ព្រំដែន ត្រូវ​បាន​សមត្ថកិច្ច​ថៃ បាញ់សម្លាប់​ចំនួន ៣៨ នាក់ របួស​ចំនួន ១០ នាក់ ចាប់​ដាក់​ពន្ធនាគារ ១៩៤ នាក់ និង​បាត់​ខ្លួន​ម្នាក់​។ របាយការណ៍​ក៏​បង្ហាញ​ថា ក្នុង​នោះ ថៃ​ក៏​បាន​ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៨០ នាក់​មក​វិញ ដោយ​ក្នុង​នោះ ករណី​កាប់​ឈើ​ចំនួន ៤៦ នាក់ និង​ករណី​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ៣៤ នាក់​។

របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ខុសច្បាប់ ឲ្យ​ត្រឡប់​មក​កម្ពុជា ចំនួន ១.៤៦៥ លើក សរុប​ចំនួន ៦៨.៦៥៩ នាក់​។ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្រោម​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នៅ​ក្រោម​ក្រសួង​ការពារជាតិ​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ តំណាង​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បន្ត​ពង្រឹង​ តួនាទី ជា​ស្ពាន និង​ជា​អ្នកការទូត ជាមួយ​ភាគី​ថៃ ដើម្បី​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន​។ ក្នុងនោះ អាជ្ញាធរ​ព្រំដែន​កម្ពុជា​ក៏​ត្រូវ​បង្កើន​សហប្រតិបត្តិការ​ជាមួយ​ថៃ ដើម្បី​កុំ​អោយ​កងកម្លាំង​ថៃ បាញ់សម្លាប់ និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​។

ករណី​ទាហាន​ថៃ​បន្ត​បាញ់ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​រក​ការងារ​ ធ្វើ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ ចាប់​ពលរដ្ឋ​ឆ្លង​ខុស​ច្បាប់​ទាំង​នោះ ទៅ​កាត់ទោស​។ ម្យ៉ាងទៀត តាម​សកម្មជន​សិទ្ធិមនុស្ស បើ​សិន​ជា​ថៃ​មិន​បញ្ឈប់​ការ​បាញ់ ប្រល័យ​ជីវិត​ពលរដ្ឋ​កម្ពុជា​ទេ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ សហប្រជាជាតិ ពិសេស​ប្តឹង​ទៅ​អាស៊ាន​ដែល​កម្ពុជា និង​ថៃ ជា​សមាជិក​អាស៊ាន​។ ក្រសួង​ការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត តវ៉ា​ជា​ញឹកញាប់​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ ដើម្បី​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ កម្ពុជា​ផង​ដែរ​៕​

1 comments:

Vocabulary is usually tested in the context of a sentence. That's some help right there. The trick is, you have to find and use the clues. You have to be a detective. Here's how it works in the following sample test sentence.

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More