Tuesday, August 21, 2012

បក្ស​ប្រឆាំង​ថា ជម្ងឺធ្ងន់​​ធ្វើ​​ឲ្យ​​​លោក​​ ជា ស៊ីម​ បាន​បដិសេធ​​​សំណើ​​សុំ​​​​សូរ​​សុក្ខ​ទុក្ខ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​​អះ​​អាង​​ថា ស្ថាន​ភាព​ជម្ងឺ​​ធ្ងន់​ធ្ងរ​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និង ជា ប្រធានព្រឹទ្ធសភា គឺ ជាមូល​​ហេតុ​​តែមួយ​គត់​ ក្នុង​បដិសេធ​​​សំណើ​សុំចូល​សាកសួរ​សុខទុក្ខ​​​​របស់​ក្រុម​មន្ត្រី​បក្ស​ ប្រឆាំង ។​

លោក ជា ស៊ីម ក្នុ្ងង ពិធី ព្រះពុទ្ធសាសនា មួយ ក្រោយ ពី ទទួល ដំណឹង ចរចាម អារ៉ាម ថា បាន ស្លាប់
កាល​ពី​ថ្ងៃ​អាទិត្យ​​​សមាជិក​ព្រឹទ្ធសភា និង រដ្ឋសភា ពី​បក្សប្រឆាំង​ ៥រូប​បាន​ដាក់​សំណើ​​សុំ​​សាកសួរ​ពី​ស្ថាន​ភាព​ជម្ងឺ​រប​ស់​លោកជា ស៊ីម , ប៉ុន្តែ​សំណើ​​នេះ ត្រូវ​បាន​​បញ្ជូន​ត្រឡប់​​មកវិញ​​ភ្លាមៗ នៅ​ថ្ងៃ​ចន្ទ ។
លោក ម៉ម សារិន នាយ​ខុទ្ទការល័យ​ប្រធាន​ព្រឹទ្ធ​សភា​​​បាន​លើក​ឡើង​នៅ​​ក្នុង​លិខិត​​តបមួយ​ ​​របស់​ខ្លួន​​ថា  ” ដោយ​ជាប់​រវល់​​ការងារ សម្ដេច​​អគ្គមហាធម្មពោធិសាល ជា ស៊ីម មិន​អាច​ទទួល​ជួប​គណៈប្រតិភូ​​​របស់​គណបក្ស​សម រង្ស៊ី បាន​ទេ..” ។
​​យ៉ាង​ណា​​ក៏​ដោយ​​លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្សសម រង្ស៊ី ដែល​ជា​អ្នក​ដាក់​សំណើ ​បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នក​រាយការណ៏​ព័ត៌​​មាន​​កាល​ពី​ម្សិល​មិញ​​ថា លោក​មិន​ជឿ​ថា លោក ​ជា ស៊ីម រវល់​​រហូត​គាត់​មិន​មាន​ពេល​ជួប​ជា​មួយ​គណៈប្រតិភូ របស់​គណបក្ស​សម រង្ស៊ី បាន​នោះទេ ។ ដោយ​​បាន​បន្ត​ថា ” ខ្ញុំ​គិត​ថា គាត់​មិន​អាច​​ជួប​យើង​​បាន​ ដោយ​សារ​តែ​ស្ថានភាព​​ជម្ងឺ​​របស់​គាត់ ..”។
គួរ​បញ្ជាក់​ថា ការ​ស្នើ​សុំ​ជួប​​សាក​សួរ​សុខទុក្ខ របស់ ក្រុម​​មន្ត្រី​បក្ស​ប្រឆាំង បាន​ធ្វើ​ឡើង​​ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​​ដំណឹង​ចរចាមអារ៉ាម​តាម​​ ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ថា ​ប្រធាន​គណបក្ស​​ប្រជាជន​​រូប​​នេះ មាន​ជម្ងឺ​ធ្ងន់​​ ហើយ​​បាន​ទទួល​មរណៈ​ភាព​​នៅ​មន្ទីរ​ពេទ្យ​​ក្រៅ​ប្រទេស ដែល​ដំណឹង​​នេះ ត្រូវ​​បាន​ច្រាន​ចោល​រួច​មក​​ហើយ ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More