Sunday, August 19, 2012

រោងចក្រ​បើក​ថ្មី​ក្នុង​រយៈ​ពេល​៦ខែ​បាន​កើន​ឡើង​បើ​ទោះ​បី​មាន​កូដកម្ម​ញឹកញាប់

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ឲ្យ​បើក​រោងចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​ថ្មីៗ​ចំនួន​៥៣ ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​នេះ ដែល​គិត​ជា​ទឹក​ប្រាក់​៣៣៨​លាន​ដុល្លារ។
រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន មាន​រោងចក្រ​បើក​ថ្មី​តែ​៣៨​ ប៉ុណ្ណោះ និង​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​១៨០​លាន​ដុល្លារ​អាមេរិក។
មន្ត្រី និង​តំណាង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​គឺ​ដោយ​សារ​ការ​កើន​ឡើង​ប្រាក់​បៀវត្សរ៍​នៅ​ចិន ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ អន្តរជាតិ។
ទោះបីយ៉ាង​នេះ​ក្តី​ពួក​គេ​បាន​អះអាង​ថា កូដកម្ម​របស់​កម្មករ អាច​ជា​ក្តី​បារម្ភ​មួយ​ផង​ដែរ​។
ទិន្នន័យ ​ជា​ផ្លូវ​ការ​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បង្ហាញ​ថា រោងចក្រ​ថ្មី​ៗ​សរុប​ចំនួន​៤០​ មាន​តម្លៃ​ជា​ទឹក​ប្រាក់ ២៣៩​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​រោងចក្រ​ផលិត​ស្រោម​ដៃ​២ មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​ រោងចក្រ​ស្បែក​ជើង​៨ មាន​តម្លៃ​៦០,៥​លាន​ដុល្លារ រោង​ចក្រ​ផលិត​ស្រោម​ជើង​២ មាន​តម្លៃ​២៥,៤​លាន​ដុល្លារ​អាមេរិក និង​រោងចក្រ​កាត់​ដេរ​១ មាន​តម្លៃ ២,៥៨​លាន​ដុល្លារ​អាមេរិក។
លោក គង់ ពុទ្ធារ៉ា អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឧស្សាហកម្ម​កាត់​ដេរ​ស្បែក​ជើង និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា បាន​ទទួល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ នៅ​ក្នុង​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភពលោក ដូច​ជា អឺរ៉ុប សហរដ្ឋ​អាមេរិក និង​កាណាដា។ លោក​បន្ត​ថា៖  «ជា​ការ​ពិត​ណាស់ យើង​មាន​ទីផ្សារ​ជា​ច្រើន​សម្រាប់​វិនិយោគ​ក្នុង​ឧស្សាហកម្ម​នេះ ខណៈ​ថ្លៃ​ពលកម្ម​របស់​យើង នៅ​តែ​ទាប ហេតុ​អ្វី​ដែល​ថា​ពួក​គេ​មិន​មក​ទី​នេះ»។
អគ្គ​លេខាធិការ​សមាគម​ រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ថ្លៃ​កម្លាំង​ពលកម្ម​កើន​ឡើង​នៅ​ប្រទេស​ចិន ជា​ហេតុផល​សំខាន់​នៅ​ពី​ក្រោយ​កំណើន​រោងចក្រ​ថ្មី​ៗ​នៅ​កម្ពុជា។
លោក​ ខេន លូ បាន​លើក​ឡើង​ថា​៖ «យើង​មាន​វិនិយោគិន​ជា​ច្រើន មក​ពី​ចិន ដោយ​សារ​ម្ចាស់​រោងចក្រ​ទាំង​នោះ មិន​អាច​ស្វែងរក​កម្មករ​ច្រើន​សម្រាប់​រោងចក្រ​របស់​ខ្លួន ព្រោះ​ថ្លៃ​កម្លាំង​ពលកម្ម​កើន​ឡើង និង​កង្វះ​កម្មករ។ កម្ពុ​ជា​ជា​ប្រទេស​ដែល​គេ​កំពុង​សម្លឹង​រក។ បច្ចុប្បន្ន​យើង​មាន​កំណើន​រោងចក្រ​ថ្មី​ៗ​ប្រហែល​៥០​ដែល​ជា​សមាជិក​របស់ GMAC​។»
លោក​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ថ្មី​ៗ​ទាំង​នោះ មក​ពី​ប្រទេស​ចិន តៃវ៉ាន់ ហុង​កុង កូរ៉េ។ល។
លោក គង់ ពុទ្ធារ៉ា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​អាច​ជា​ឧបសគ្គ​សម្រាប់​កំណើន​ឧស្សាហកម្ម​។ ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថា បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​។ លោក​បន្ត​ថា៖ «ជា​ការ​ពិត​ណាស់ យើង​មាន​ការ​ព្រួយបារម្ភ ប៉ុន្តែ​យើង​សង្ឃឹម​ថា ស្ថាប័ន​ពាក់ព័ន្ធ បុគ្គលិក និង​និយោជក​មិន​អាច​មាន​បញ្ហា​ធំ​ក្នុង​ឧស្សាហកម្ម​ទេ»​។
លោក ខេន លូ បាន​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​កូដកម្ម ឬ​បាតុកម្ម​ទេ យើង​នឹង​មាន​កំណើន​រោងចក្រ​កាន់​តែ​ច្រើន​ជាង​នេះ​។
ទិន្នន័យ ​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ​បាន​កើន​ឡើង​៨,១២​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ គឺ​កើន​ឡើង​ពី​ជាង​១,៩៣​ពាន់​លាន​ដល់​ជាង​២,១​ពាន់​លាន​ដុល្លារ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More