Tuesday, August 21, 2012

ផានិត កូន​ខ្មែរ​នៅ​អាមេរិក​ តំណាង​ឲ្យ​កម្ពុជា ​ប្រឡង​បវរកញ្ញា​ពិភពលោក

ភ្នំពេញៈ ជាមួយ​នឹង​ទេពកោសល្យ​សិល្បៈ​យ៉ាង​ប៉ិន​ប្រសប់ បូក​រួម​ជាមួយ​នឹង​រូប​សម្រស់​ស្រស់​សោភា​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ ឬ ផានិត សុវណ្ណ ដែល​ជា​កូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ជ្រើសរើស​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ ដែល​មាន​ឈ្មោះ​ថា «​Queen of the Universe» ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​ជន​កម្ពុជា​នៅ​ទីនោះ​។
កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

Tuesday, 21 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ដោយ​ចាប់​កំណើត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ខៅអ៊ីដាង នៅ​ឆ្នាំ​១៩៨៩​នៅ​ប្រទេស​ថៃ ផានិត សុវណ្ណ​ ដែល​មាន​ឪពុក​ឈ្មោះ សាន សុវណ្ណ និង​ម្តាយ រ៉ាម៉ា គឹម បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​បាត​ដៃ​ទទេ​ជាមួយ​នឹង​ខោ​អាវ​ តែ​ប៉ុន្មាន​សម្រាប់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​មាន​អាយុ​ទើប​តែ​ពីរ​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩៩១។ ម្តាយ​នាង​បាន​ប្រាប់​នាង​ថា គ្រួសារ​នាង​ស្ទើរ​តែ​ផុត​ជីវិត​ជា​ច្រើន​លើក​ក្នុង​របប​ខ្មែរ​ក្រហម។

ជាមួយ​នឹង​ការ​ផ្តើម​ជីវិត​ដោយ​បាត​ដៃ​ទទេ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ផានិត អាយុ​២៣​ឆ្នាំ បាន​ប្រាប់​ពី​ការ​រស់​នៅ​ពេល​ដល់​ដី​អាមេរិក​ដំបូង​ថា៖​«​គ្រួសារ​ខ្ញុំ បាន​រស់​នៅ​ក្នុង​កន្លែង​ដ៏​តូច​ចង្អៀត​មួយ​នៅ Carson។ នៅ​ទីនោះ​ហើយ​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​រៀន​ភាសា​ខ្មែរ​ ហើយ​ក្រោយ​មក​ក៏​មាន​គេ​ណែនាំ​ខ្ញុំ និង​គ្រួសារ​ឲ្យ​ទៅ​កាន់​វិហារ​គ្រិស្តសាសនា​មួយ​ជា​កន្លែង​ដែល​ខ្ញុំ​ បាន​ចាប់​ផ្តើម​រៀន​ផ្នែក​តន្ត្រី និង​សរសេរ​បទ​ចម្រៀង​»។ នាង​បាន​បញ្ជាក់​ថា៖​ «​ក្រោយ​មក​ខ្ញុំ​ក៏​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ឡុងប៊ិច​វិញ»។

ទើប​តែ​វ័យ​២៣​ឆ្នាំ​ តែ​ផានិត សុវណ្ណ បាន​ឆ្លង​កាត់​ភាព​អស្ចារ្យ​ច្រើន​ក្នុង​ពិភព​សិល្បៈ​នៅ​ទឹក​ដី​អាមេរិក​។ នាង​ជា​តារា​ចម្រៀង​ តន្ត្រីករ និង​ជា​អ្នក​សរសេរ​ទំនុក​ច្រៀង។ ដោយ​ផ្អែក​លើ​ទេពកោសល្យ​ទាំង​នេះ បូក​រួម​ជាមួយ​នឹង​សម្រស់​អំណោយ​ផល​ពី​ធម្ម​ជាតិ​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ ពិសេស​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​ទីនោះ​ក្នុង​ការ​ជំរុញ​នាង​ឲ្យ​ចូល​រួម​ប្រលង ​បវរ​កញ្ញា​អាមេរិក​ឆ្នាំ​២០១៣​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា ផានិត បាន​និយាយ​ថា នៅ​មិន​ទាន់​គ្រប់​នៅ​ឡើយ នាង​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ពី​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ដែល​ជា​ ប្រទេស​កំណើត​របស់​ខ្លួន។ តែ​នៅ​ពេល​ចោទ​សួរ​ពី​កម្ពស់ និង​ទំហំ​ទាំង​បី​ដែល​ជា​លក្ខ​ខណ្ឌ​សំខាន់​បំផុត​សម្រាប់​ប្រឡង​បវរកញ្ញា នាង​មិន​បាន​ឆ្លើយ​តប​ឡើយ។

«​Queen of the Universe»​ គឺ​ជា​កម្មវិធី​ប្រលង​បវរកញ្ញា​ប្រមូល​ផ្តុំ​ដោយ​ស្ត្រី​វៃ​ឆ្លាត​ និង​ស្រស់​ស្អាត​ទូទាំង​ពិភពលោក​ក្នុង​ការ​ស្វែងរក​ស្ត្រី​ដែល​ពោរ​ពេញ​ ដោយ​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម​និង​សន្តិភាព​។ អ្នក​ដែល​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន លុះ​ត្រា​តែ​មាន​សម្រស់​ស្រស់​ស្អាត​ បញ្ញា​វាង​វៃ អាកប្បកិរិយា​ល្អ និង​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​។

លោក ហែម ហេង អគ្គ​រាជ​ទូត​កម្ពុជា​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​គាំទ្រ កញ្ញា​ផានិត សុវណ្ណ ក្នុង​នាម​ជា​បវរកញ្ញា​កម្ពុជា​ថា៖​«ការ​ខិត​ខំ​ក្នុង​នាម​ជា​តំណាង​ បវរកញ្ញា​របស់​នាង គឺ​ជា​ក្តី​អំណត់​យ៉ាង​ក្លាហាន និង​ជា​កាយ​វិការ​ដ៏​អស្ចារ្យ​។ វា​ជា​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​នាង​ចំពោះ​កម្ពុជា និង​ជា​មោទនភាព​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​»។

លោក​បាន​បញ្ជាក់​ថា៖​«ក្នុង​នាម​ជា​អគ្គ​រាជ​ទូត​កម្ពុជា​នៅ​សហរដ្ឋ អាមេរិក ខ្ញុំ​សូម​គាំទ្រ​កិច្ចការ​របស់​នាង​យ៉ាង​កក់ក្តៅ​ជា​តំណាង​របស់​កម្ពុជា ​ក្នុង​កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​នោះ​»។

រីឯ​សហគមន៍​កម្ពុជា​នៅ​អាមេរិក (United Cambodian Community) ដែល​មាន​អ្នក​ស្រី សារ៉ា ប៉ូលីម ជា​នាយក​ប្រតិបត្តិ​ក៏​បាន​សម្តែង​ការ​យល់​ព្រម និង​គាំទ្រ​នាង ផានិត សុវណ្ណ ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​ដែរ​។

អ្នក​ស្រី​បាន​សរសេរ​ក្នុង​លិខិត​គាំទ្រ​នោះ​ថា៖​« UCC យល់​ព្រម​ឲ្យ​នាង​ចូល​រួម​ក្នុង​កម្មវិធី Queen of the Universe Pageant ។ យើង​មាន​មោទនភាព​បំផុត​ដែល​មាន​នាង​ធ្វើ​ជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​ចូល រួម​ប្រកួត​»។

តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ កម្មវិធី «Queen of the Universe»​ នឹង​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​នេះ​នាង ផានិត សុវណ្ណ បាន​ឲ្យ​ដឹង​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ជាមួយ​នឹង​គោល​បំណង​យ៉ាង​ស៊ី​ជម្រៅ​។

តារា​ចម្រៀង​ដែល​មាន​សំឡេង​អាច​ច្រៀង​ភាសា​បរទេស​មិន​ចាញ់​ជន​ជាតិ​ដើម​ រូប​ នេះ​​និយាយ​ថា៖​«ខ្ញុំ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី «​Queen of the Universe»​ ជា​តំណាង​កម្ពុជា​នេះ ក្នុង​បំណង​ដើម្បី​នាំ​យក​កម្ពុជា​ វប្បធម៌​ដ៏​អស្ចារ្យ​ និង​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ទាំង​មូល​ដឹង​ ជា​សាធារណៈ​។ ខ្ញុំ​ចង់​ឲ្យ​សកល​លោក​ទាំង​មូល​មើល​ឃើញ​ថា កម្ពុជា​គឺ​អស្ចារ្យ​ស្ទើរ​គ្រប់​ផ្នែក​»។

នាង​បាន​បន្ត​ថា៖«​ម្យ៉ាង​មក​ពី​ខ្ញុំ​មិន​ដែល​ឃើញ​កម្ពុជា​ធ្លាប់​មាន​ វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​បែប​នេះ​នៅ​ឡើយ​។ ដូច្នេះ​ហើយ ទោះ​បី​ជា​ខ្ញុំ​មិន​ល្អ​គ្រប់​យ៉ាង ប៉ុន្តែ​ខ្ញុំ​ចង់​បោះ​ជំហាន​ជា​លើក​ដំបូង​ដើម្បី​បង្ហាញ​ពី​ប្រទេស​កម្ពុជា ដ៏​ស្រស់​ត្រកាល​នៅ​លើ​ឆាក​អន្តរជាតិ​»។

ទោះ​បី​ជា​មិន​ដឹង​ពី​ជោគ​វាសនា​នៃ​ការ​ប្រឡង​តែ​នាង​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​បើក​ច្រក​ជា​លើក​ដំបូង​សម្រាប់​ស្ត្រី​កម្ពុជា ហើយ​នៅ​ពេល​ក្រោយ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​រួម​បន្ត​ពី​នាង​៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More