Tuesday, August 21, 2012

សេចក្ដីថ្លែងការណ៍​រួម​សង្គម​ស៊ីវិល​២០ គំរាមកំហែង និង​គាបសង្កត់​ប្រព័ន្ធតុលាការ​

ភ្នំពេញ: ​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា របស់លោក ថៅ វាសនា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ បានចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​ការខកចិត្ត ចំពោះ​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ចំនួន ២០ ចំពោះ​ករណី​លោក ចាន់ សុ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក ដោយបាន​រួមគ្នា​ហៅ​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ ថា​ជាការ​គំរាមកំហែង និង​ជាការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​បំផុត ប្រឆាំងនឹង​កិច្ចការ​របស់​អង្គការសិទ្ធិមនុស្ស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។​
ថ្ងៃទី 21 សីហា 2012
ដោយ: លីន​ណា
CEN
សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា យល់ឃើញថា ការចេញ​សេចក្ដីថ្លែងការណ៍​រួម បាន​ទាក់ទាញ​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​មើលឃើញ​កាន់តែច្បាស​ថា ៖
១. ទោះបីជា​លោក ចាន់ សុ​វ៉េ​ត បាន​ទទួលរង​ការចោទប្រកាន់ ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី ថា​បាន​ជំនួយ​ដល់​ចារី ឬ​ផ្ដល់ជំនួយ​ដល់​អ្នកប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រមព្រហ្មទណ្ឌ​ក៏ដោយ ក៏​អង្គការ​ទាំងនោះ ព្យាយាម​លាប​ពណ៌​ឲ្យ​ទៅជា​រឿង​នយោបាយ​ទៅវិញ​។​
២. សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំងនេះ បាន​គំរាមកំហែង និង​ដាក់​ការគាបសង្កត់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធតុលាការ សំដៅ​ឲ្យ​មានការ​ដោះលែង​មនុស្ស​ក្រៅអំណាចតុលាការ ដែលជា​អំណាច​ឯករាជ្យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា ចំពោះ​ករណី​ខា​លើ​នេះ សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា សូម​ធ្វើការ​ប្រកាស​នូវ​ជំហរ​របស់ខ្លួន​ដូចខាងក្រោម ៖
១. ករណី​លោក ចាន់ សុ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក គឺជា​ករណី​ដែល​បាន​ចោទប្រកាន់​តាម​អំណាចតុលាកា​រ ដូចនេះ​គួរ​ទុក​ឲ្យ​តុលាការ​អនុវត្ត​នីតិវិធី​របស់ខ្លួន​។​
២. អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គួរ​ស្វះ​ស្វែងរក​មេធាវី​ជា​អ្នក​ខ្លាំងពូកែ មក​តទល់​ជាមួយ​អំណាចតុលាការ ដើម្បី​ដោះ​បន្ទុក ប្រសើរ​ជាង​ចេញ​សេចក្ដីថ្លែងការណ៍​រួម សំដៅ​គំរាមកំហែង និង​ដាក់​ការគាបសង្កត់​ទៅលើ​ប្រព័ន្ធតុលាការ ដែលជា​ការដើរ​ឆ្ងាយ​ពី​គន្លង​នីតិរដ្ឋ​៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More