Friday, August 17, 2012

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

ភ្នំពេញ: ​ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៥០​នាក់ និង​ក្រុម​កុមារ​តូចៗ​ផង​នោះ បាននាំគ្នា​មក​ធ្វើការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅតាម​កិច្ចសន្យា សង់​អគារ​ពីរ​បន្ថែម ឲ្យ​បាន​គ្រប់​ដប់​អគារ​។​ ​នៅក្នុង​សកម្មភាព​តវ៉ា ដែលមាន​ការចូលរួម​ពី​សំណាក់​កុមារ​តូចៗ​ដែរនោះ ពួកគេ​បាន​យំ​ននៀល​នៅលើ​ដី ស្រែក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ចសន្យា សង់​ពីរ​អគារ​បន្ថែមទៀត ពីព្រោះ​មកដល់ពេលនេះ ឪពុកម្តាយ​ពួកគេ​មួយចំនួន នៅ​មិនទាន់បាន​ចំណែក​អគារ​ស្នាក់​នៅទេ​។ កា​រយំ​ននៀល​របស់​ក្រុម​កុមារី​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។ ​ប្រជាពលរដ្ឋ​បុរី​កីឡា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​លោកស្រី​បាន​ចោទប្រកាន់ថា “​ពួកយើងខ្ញុំ​ដែល​កំពុងធ្វើការ​តវ៉ា​រាល់ថ្ងៃ គឺជា​ការទាមទារ​ជាថ្មី​របស់​ពួកយើង បន្ទាប់ពី​ទទួលបាន​ផ្ទះ ហើយ​បាន​លក់​ដោយសារតែ​ពួកយើង​ក្រ​ពេក និង​ជំពាក់​លុយ​គេ យើងខ្ញុំ​សូមបញ្ជាក់ថា ការលើកឡើង​នេះ គឺជា​រឿង​មិន​ពិត​ទេ​”​។​ ​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ បញ្ជាក់ថា ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន គឺជា​រឿង​មិន​ពិត ដោយ​ប្រជាពលរដ្ឋ​បុរី​កីឡា​បាន​អះអាង​ដូចខាងក្រោម ៖ ១. លោកស្រី ស៊ុយ សុផាន ដែលជា​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​មិច មិនបាន​គោរព​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០០៤ សាងសង់​អគារ​ចំនួន​ដប់ ដើម្បី​ជាការ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​បុរី​កីឡា​នោះទេ​។ លើសពីនោះ លោកស្រី​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ មក​ឈូស​កម្ទេច​ផ្ទះ​របស់​យើងខ្ញុំ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ដោយ​មិនមាន​ការជូនដំណឹង និង​មិនមាន​សំណង​អ្វី​ទាំងអស់​។​ ២. ពួកយើងខ្ញុំ គឺ​ពិតជា​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​នៅ​សហគមន៍​បុរី​កីឡា ជា​អចិន្ត្រៃយ៍​ពិតប្រាកដ​មែន ដោយមាន​លិខិតបញ្ជាក់​អំពី​ការរស់នៅ ពី​អាជ្ញាធរ​មូលដ្ឋាន ដូចជា សៀវភៅ​គ្រួសារ សៀវភៅ​សហគមន៍ តារាង​អង្កេត សំបុត្រកំណើត និង​ប័ណ្ណបោះឆ្នោត -​ល​-​។​ ៣. តាំងពី​ចាប់ផ្តើម​មានការ​សាងសង់​អគារ​ទី​១ រហូតដល់​អគារ​ទី​៨ និង​មកដល់ពេលនេះ ពួកយើងខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ការដោះដូរ​ផ្ទះ ពី​ក្រុមហ៊ុន​ផាន​អ៊ី​មិច​នៅឡើយ​ទេ គឺ​ពួកយើងខ្ញុំ​ទទួល​បានតែ​ចម្លើយ​ថា ឲ្យ​ពួកយើងខ្ញុំ​រង់ចាំ រហូត​ដល់ពេល​ពួកគេ​កម្ទេច​ផ្ទះ​របស់​ពួកយើងខ្ញុំ​អស់​។​ ​ជនរងគ្រោះ​ ដោយសារ​ការបណ្តេញចេញ​ទាំង​បង្ខំ ក្នុង​សហគមន៍​បុរី​កីឡា សូម​ដាក់​បណ្តាសា​ជន​ណា​ដែល​បាន​ធ្វើបាប និង​បាន​បង្កាច់បង្ខូច និយាយ​មិន​ពិត ចោទប្រកាន់​មកលើ​យើងខ្ញុំ សូម​ឲ្យ​អ្នកនោះ​វិនាស និង​បរាជ័យ​គ្រប់​ភារកិច្ច​៕ K​

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More