Wednesday, August 22, 2012

ដោយ យន់ សាមៀន
2012-08-16

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា នៅ​បន្ត​អះអាង​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ជា​ចារកម្ម​របស់​លោក។

RFA Photo

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ហ៊ុន សែន បាន​គំរាម​បង្ហាញ​ឯកសារ​សំងាត់ និង​ខ្សែអាត់​ថត​សំឡេង​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​ នយោបាយ ដែល​មាន​ប្រជាប្រិយភាព និង​ដែល​អាច​មាន​លទ្ធភាព​ដណ្ដើម​អំណាច​ពី​លោក។

លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ព្រម​ទាំង​ការ​គំរាម​បញ្ចេញ​ឯកសារ​សំងាត់​ក្នុង​ជំនួប​កំពូល​រវាង​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ នៅ​ចុង​ក្រោយ​បង្អស់​នេះ លោក ហ៊ុន សែន បាន​ចោទ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា ជា​ចារកម្ម និង​ជា​ប្អូន​ធម៌​របស់​លោក។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន សុទ្ធ​តែ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​មាន​ផែនការ​សំងាត់​ដែល​អាច​ផ្ដល់​ផល​ ប្រយោជន៍​នយោបាយ​ឲ្យ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា ជា​យុទ្ធសាស្ត្រ​នយោបាយ “ឈ្នះ​ហើយ​ឈ្នះ​ទៀត” និង “នយោបាយ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង”។

អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ពិភាក្សា​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​តំណាង​រដ្ឋាភិបាល​មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក ហ៊ុន សែន បាន​ប្រើប្រាស់​រយៈពេល ៥​ម៉ោង និង ២០​នាទី បក​ស្រាយ​បញ្ហា​ព្រំដែន និង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ចោទ​សួរ​លោក​ពី​បញ្ហា​ព្រំដែន។ ក្នុង​វេទិកា​រដ្ឋ​សភា​មុន​ពេល​លោក ហ៊ុន សែន បក​ស្រាយ​បញ្ហា​ព្រំដែន លោក​បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង រិះគន់ និង​ចោទ​ប្រកាន់​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ឆ្លើយ​តប​ទេ។

លោក ហ៊ុន សែន៖ «អ្វី​ដែល​ប្អូន​ធ្វើ មិន​មែន​បង​មិន​ចាត់​ទុក​ប្អូន​ជា​ចារកម្ម​បង​ទេ។ ក៏​ប៉ុន្តែ​ទង្វើ​នេះ​គេ​ចង់​ថា​យ៉ាង​ម្ដេច​ក៏​បាន​ដែរ។ ប្អូន​មាន​ឆន្ទៈ​ល្អ​ចំពោះ​បង ឬ​ឯកឧត្ដម​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋាភិបាល មិន​ឲ្យ​ខ្មែរ​ក្រហម​ចូល​ក្រុង»។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ការ​ចោទ​នេះ​ធ្វើ​ឡើង​រាល់​ពេល​លោក សុន ឆ័យ រិះគន់​លោក។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក សុន ឆ័យ បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ "ឈ្នះ​ហើយ​ឈ្នះ​ទៀត" និង "បំបែក​បំបាក់" ដើម្បី​គ្រប់គ្រង ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង។

លោក សុន ឆ័យ៖ «នយោបាយ​ឈ្នះ​ហើយ​ឈ្នះ​ទៀត ឬ​ក៏​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​នោះ វា​ល្មម​ដល់​ពេល​បញ្ចប់ ហើយ​រៀន​ធ្វើ​ការ​ដោយ​កិត្តិយស ចេះ​ជជែក​គ្នា។ ដូច​ជា​បញ្ហា​ដែល​នាយករដ្ឋមន្ត្រី​លោក​បារម្ភ​ដែរ​ថា ឆ្លើយ​ជា​សាធារណៈ រឿង​សំងាត់​ដែល​គួរ​តែ​លាក់ កុំ​ឲ្យ​ខាត​នោះ យើង​អាច​ជជែក​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ក្នុង​បន្ទប់​ស្ងាត់​ទៅ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា មាន​ប្រសាសន៍​ថា ការ​សន្ទនា​នយោបាយ​រវាង​មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ ហើយ​ថា ការ​ប្រើប្រាស់​ឯកសារ​សំងាត់ និង​ខ្សែ​អាត់​សំឡេង​ដើម្បី​ផ្ដួល​អ្នក​ប្រជែង​អំណាច​នោះ គ្មាន​ឥទ្ធិពល​ទេ ដោយសារ​អ្នក​នយោបាយ​កម្ពុជា មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។

លោក គល់ បញ្ញា៖ «អ្នក​នយោបាយ​ឥឡូវ​គេ​មាន​ភាព​ចាស់​ទុំ គេ​ចេះ​របៀប​ធ្វើ​ការ​ហើយ គេ​រៀន​ជជែក​គ្នា។ ខ្ញុំ​គិត​ថា ចំណុច​នេះ​ជា​ចំណុច​រីក​ចំរើន មិន​មែន​ជា​រឿង​អាស្រូវ​អ្វី​រហូត​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៃ​ការ​ជឿ​ ទុក​ចិត្ត​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​អះអាង​ស្រដៀង​គ្នា​នេះ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ជ័យ​ជម្នះ​ដោយសារ​យុទ្ធសាស្ត្រ​បំបែក និង​ត្រួតត្រា។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​លោក ហ៊ុន សែន ឡើយ។ សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី បាន​ចំអក​ថា លោក ហ៊ុន សែន ឆោត​ល្ងង់​ណាស់​ដែល​ជឿជាក់​ថា លោក​អាច​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី ជឿ​ការ​ចោទ​ប្រកាន់​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ឲ្យ​គេ​ជឿ​ថា វត្ថុ​ម្យ៉ាង​មាន​ពណ៌​ខ្មៅ​នោះ តាម​ពិត​វត្ថុ​នោះ​មាន​ពណ៌​ស​ទៅ​វិញ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ទី​១៥ សីហា លោក ហ៊ុន សែន នៅ​តែ​បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​ចង់​បំបែក​បំបាក់​គណបក្ស សម រង្ស៊ី ឡើយ៖ «មក​ផ្ទះ​តា​ខ្មៅ​ឯង​សោះ​ហ្នឹង​ ហើយ​មិន​មែន​ឯង​អ្នក​សុំ​វា​សោះ​ហ្នឹង។ មនុស្ស​ដូច​ខ្ញុំ​ទៅ​សុំ​ជួប​មនុស្ស​ហ្នឹង? រួច​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ ១​ម៉ឺន​ដុល្លារ​ម្នាក់ អត់​មាន​លុយ​ទេ។ រើ​កាន់​តែ​រឹត»។

នៅ​ដើម​ឆ្នាំ​២០១២ នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ដាក់​បញ្ចូល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី “ក្លឹប​មួយ​ម៉ឺន”។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បង្កើត​បញ្ជី​ក្លឹប​មួយ​ម៉ឺន ជា​បញ្ជី​នៃ​មេដឹកនាំ​ដែល​អាច​រក្សា​អំណាច​ដោយសារ​ការ​ប្រើប្រាស់​កងកម្លាំង ​យោធា ហិង្សា​នយោបាយ អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ការ​គាំទ្រ​បរទេស ដើម្បី​រក្សា​អំណាច។ លោក ហ៊ុន សែន មាន​វ័យ ៦១​ឆ្នាំ បាន​រក្សា​អំណាច​បាន​រយៈពេល មួយ​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ៕


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More